សម្ដេចតេជោ ហ៊ុន សែន ផ្ញើរសារជូនពរលោក Donald Trump ឆាប់ជាសះស្បើយពីជំងឺកូវីដ១៩
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារជូនពរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា សូមឲ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា « ឯកឧត្ដម Donald J. Trump, ប្រធានាធិបតីសហរដ្ឋអាមេរិក, ទីក្រុងវ៉ាស៊ីតោន, ឯកឧត្ដមជាទីគោរពរាប់អាន
ខ្ញុំ និងភរិយា មានការសោកស្តាយយ៉ាងខ្លាំងដែលបានដឹងថា ឯកឧត្ដម និងស្ត្រីទី១ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ស្របពេលដែលសហរដ្ឋអាមេរិក និងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺថ្មីនេះនិងដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។
ខ្ញុំ និងភរិយា សូមគោរពជូនពរដល់ឯកឧត្តម និងស្ត្រីទី១ ចាប់ជាសះស្បើយឡើងវិញ និងទទួលបាននូវសុខភាពល្អ។
សូម ឯកឧត្ដម ទទួលយកនូវការគោរពរាប់អានពីខ្ញុំ។»
សូមជំរាបថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានប្រកាសនៅលើ Twitter ផ្ទាល់ខ្លួនរបស់លោកថា លោក និងភរិយា បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ៕