គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទឹកទន្លេមេគង្គភាគខាងលើ​នឹង​បន្ត​ឡើង​ ដោយ​ទឹកភ្លៀង​, ក្រសួងធនធានទឹក​ប្រកាស​ឲ្យ​បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |
    ទឹកទន្លេមេគង្គភាគខាងលើ​នឹង​បន្ត​ឡើង​ ដោយ​ទឹកភ្លៀង​, ក្រសួងធនធានទឹក​ប្រកាស​ឲ្យ​បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​ ទឹកទន្លេមេគង្គភាគខាងលើ​នឹង​បន្ត​ឡើង​ ដោយ​ទឹកភ្លៀង​, ក្រសួងធនធានទឹក​ប្រកាស​ឲ្យ​បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​

    ភ្នំពេញ​៖ យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ចេញផ្សាយនៅថ្ងៃទី២០​ ខែតុលា ឆ្នាំ​២០២០នេះ ​បាន​ឲ្យដឹង​ថា​ ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប(ITCZ) ភ្ជាប់​នឹង​វិសម្ពាធ​ ដែល​បាន​ និង​កំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ នៅអាងទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ​ និង​តំបន់​ភាគឦសានប្រទេស​កម្ពុជា​។

    ក្រសួងធនធានទឹក​បន្ត​ថា​ ស្ថានភាព​បែបនេះ​ នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​នៅភាគខាងលើ​បន្ត​ឡើង​ជាលំដាប់​ ក្នុង​ពេល​ពី​៤ ទៅ​៦​ថ្ងៃខាងមុខ​ ក្នុងនោះ​៖

    • នៅថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ ស្ថានីយជលសាស្ត្រ​ មេគង្គ-ស្ទឹង​ត្រែង​ ទឹក​អាច​ឡើង​ដល់កម្រិត​កម្ពស់​ ៩,៥០ម៉ែត្រ​។
    • នៅថ្ងៃទី​២៥​ ខែតុលា​ ឆ្នាំ​២០២០​ ស្ថានីយជលសាស្ត្រ​ មេគង្គ-ក្រចេះ​ ទឹក​អាច​ឡើង​ដល់កម្រិត​កម្ពស់​ ២០,០០ម៉ែត្រ​។
    • នៅថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​ ស្ថានីយជលសាស្ត្រ​ មេគង្គ-កំពង់ចាម​​ ទឹក​អាច​ឡើង​ដល់កម្រិត​កម្ពស់​ ១៤,១០ម៉ែត្រ​។

    សូមបញ្ជាក់ថា​​ ការហក់ឡើង​នៃ​ទឹកទន្លេ​មេគង្គ​ភាគខាងលើ​នេះ នៅមាន​សភាព​ទាបជាង​កម្រិត​កម្ពស់​ប្រកាស​នៅឡើយទេ​។

    ក្រសួងធនធានទឹក​ និងឧតុនិយម​ បាន​អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ និង​សាធារណជន​ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ​ បង្កើត​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បីចៀស​វាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗដែលអាច​កើត​ឡើង​ជាយថាហេតុ។ ជាមួយគ្នា​នេះ​ ចំពោះ​បណ្ដា​ខេត្ត​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ​ ត្រូវ​មាន​វិធានការ​ក្នុង​ការ​បើកទ្វារទឹក​ ដើម្បី​បញ្ចូល​ទៅតាម​ព្រែក​ បណ្ដា​អាង​ទឹកនានា និង​តំបន់​ទំនាប​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង