ក្រសួងសុខាភិបាលបង្ហាញគោលការណ៍យុទ្ធសាស្រ្ត៥ចំណុច (E5) ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ភាពជោគជ័យក្នុងការទប់ស្កាត់ ការការពារ ការចម្លងចូលក្នុងសហគមន៍មូលដ្ឋាន ដោយក្រសួងសុខាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍យុទ្ធសាស្រ្ត៥យ៉ាង ដែលហៅថា E5 មានដូចជា៖
E1៖ ការរុករកស្រាវជ្រាវឱ្យបានទាន់ពេលវេលានូវអ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩
E2៖ ត្រូវបន្តស្រាវជ្រាវអ្នកដែលជាប់សង្ស័យនូវបណ្តាញនៃការចម្លងបន្តនូវកូវីដ១៩ ចំពោះក្រុមណាមួយឬទីតាំងដែលមានការសង្ស័យ ដែលអាចចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀត ដោយធ្វើឱ្យបានលឿន
E3៖ នៅពេលដែលយើងរកឃើញករណីសង្ស័យ វីរុសកូវីដ១៩ ត្រូវដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែក
E4៖ នៅពេលដែលរកឃើញអ្នកដែលផ្ទុកកូវីដ១៩ ត្រូវបញ្ជូនគាត់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋឱ្យបានលឿនជាទីបំផុត
E5៖ ត្រូវអនុវត្តនូវវិធានការការពារ មុននឹងមានការចម្លងទៅបុគ្គលណាមួយ
លោកជំទាវមានប្រសាសន៍ថា នេះគឺជាវិធានការមួយដែលយើងកំពុងតែអនុវត្ត ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីការពារកុំឲ្យមានការចម្លងមកបុគ្គល ចម្លងមកក្នុងគ្រួសារ នឹងចម្លងចូលទៅក្នុងសហគមន៍ ដែលនេះជាយុទ្ធសាស្ត្រទាំង៥យ៉ាងដែល ព្រះរាជាណាចក្រកម្ពុជារបស់យើងកំពុងប្រកាន់យក ដើម្បីធ្វើការឆ្លើយតបនិងទប់ស្កាត់នៃការចម្លងវីរុសកូវីដ១៩។
លោកជំទាវ ឱ វណ្ណឌីន នៅតែទទូចដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានម៉ឹងម៉ាត់ គោរពទៅតាមវិធានការការពារសុវត្ថិភាពរបស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យមានការចម្លងថ្មី ខណៈដែលរាជរដ្ឋាភិបាលពង្រឹង ការទប់ស្កាត់ទំាងការនាំចូលពីខាងក្រៅ និងទាំងការចម្លងផ្ទៃក្នុង បើទោះបីថ្ងៃពេលនេះពុំមានរកឃើញករណីថ្មីនៅប្រទេសកម្ពុជាយើង ប៉ុន្តែយើងត្រូវតែ បន្តប្រុងប្រយ័ត្នការពារខ្លួនកម្រិតខ្ពស់ ព្រោះថាហានិភ័យនៃការចម្លងមកកម្ពុជា នៅតែមានដោយសារការរាតត្បាតនៃមេរោគនេះនៅក្នុងពិភពលោក កាន់តែរាលដាលយ៉ាងរហ័ស ហើយការចល័តប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អ្នកជំងឺកូវីដ-១៩ សរុបទូទាំងប្រទេសចំនួន ២៧៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ ១០០% ក្នុងដំណាក់កាលទីពីរ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយការព្យាបាលជាសះស្បើយ ១០០% ដំណាក់កាលទី១នោះ គឺនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ជាករណីទី១២២ (ស្ត្រីជនជាតិខ្មែររស់នៅខេត្តបន្ទាយមានជ័យ) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។