មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារទាក់ទងនឹងការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់បណ្តាឆ្នាំខាងមុខ។
ថ្លែងក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាអំពីបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះកន្លងមក ក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ លោកក៏បានបញ្ជាក់បន្ថែមផងដែរអំពីការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស អាចដំណើរការទៅបានដោយគ្មានការរាំងស្ទះ និងរលូនសមស្របទៅមុខ ជាពិសេសការសម្របទៅនឹងបែបបទគន្លងប្រក្រតីថ្មី។
ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាកងទ័ពជើងគោក បានសម្តែងការសាទរចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួម និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពទាំងពីរក្នុងការបន្តថែរក្សារឹតចំណងមិត្តភាព សាមគ្គីភាព ព្រមជាមួយនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរឡើងសម្រាប់បណ្តាឆ្នាំខាងមុខ ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាតំបន់ទាំងមូល៕