ក្រសួងសុខាភិបាល៖ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះវិវត្តទៅរកភាពល្អប្រសើរ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ
បាត់ដំបង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនៅខេត្តបាត់ដំបងនោះ មានការវិវត្តទៅរកភាពល្អប្រសើរហើយ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យគ្រុនផ្ដាសាយធំ។
ក្រសួងសុខាភិបាលបានឲ្យដឹកថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបានទទួលរបាយការណ៍ ថា មានហេតុការណ៍ករណីសង្ស័យគ្រុនផ្តាសាយធំ បានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន ៤៦នាក់ ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ ហើយមានព្រះអាការៈរោគដូចជា ក្តៅខ្លួន លើសពី៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ។ ហេតុការណ៍នេះ បានកើតមានឡើងចំនួន ៥-៦ថ្ងៃមកហើយ ដែលមានព្រះសង្ឃប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឃចំនួន ២១អង្គនាក់ ដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាក ផ្ញើរទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហើយដែរ កំពុងតែរងចាំលទ្ធផល ។ បច្ចុប្បន្នស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសើរហើយ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណៈកម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖
១. រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែល មិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឫច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ
២. ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វេីក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម
៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ
៤. ជាពិសេសព្រះសង្ឍ ឫបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឫមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់
៥. ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រើប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន៕