ទឹកទន្លេមេគង្គភាគខាងលើនឹងបន្តឡើង ដោយទឹកភ្លៀង, ក្រសួងធនធានទឹកប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប(ITCZ) ភ្ជាប់នឹងវិសម្ពាធ ដែលបាន និងកំពុងបន្តអូសបន្លាយពីលើកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។
ក្រសួងធនធានទឹកបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងពេលពី៤ ទៅ៦ថ្ងៃខាងមុខ ក្នុងនោះ៖
- នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ម៉ែត្រ។
- នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ម៉ែត្រ។
- នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ម៉ែត្រ។
សូមបញ្ជាក់ថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសនៅឡើយទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ បង្កើតការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្ដាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្ដាអាងទឹកនានា និងតំបន់ទំនាប៕