គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត
ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប ដោយគ្មានមូលដ្ឋាន។ ជាក់ស្តែង លោក សុន ឆ័យ បាននិយាយដដែលជាដដែល ដូចក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអាសនៈ រីឯមាត់ចោទថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថា ការដែលគណបក្សភ្លើង ទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។
បើដូចនេះមែន លោក សុន ឆ័យ ក៏ត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរ ដែលមិនបានបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ហើយលោក សុន ឆ័យ ប្រាកដជាដឹងថានេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ព្រមជាមួយគ្នា នេះដែរ ការបោះឆ្នោតគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។ លោក សុន ឆ័យ និយាយទៀតថា ”លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង ”។
ការថ្លែងបែបនេះ គជប មិនអាចទទួលយកបានទេ ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ គជប ដែលជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឲ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត។
ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន គជប នឹងចាត់វិធានការតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត។