រកឃើញបុរសជនជាតិហុងគ្រី ដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយ
សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាប បានរកឃើញបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តសៀមរាប។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានចុះផ្សាយនៅថ្ងៃទី២៦កញ្ញានេះ បានបង្ហាញថា មានករណីសង្ស័យវិជ្ជមានវីរ៉ុសកូវីដ១៩ ថ្មីចំនួនម្នាក់ គឺបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បុរសរូបនេះជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តរបស់គាត់នៅពេលនោះ គឺអវិជ្ជមានវីរ៉ុសកូវីដ១៩។
បន្ទាប់មក គាត់បានបន្តធ្វើចត្តាឡីស័កនៅកន្លែងស្នាក់នៅរបស់គាត់បន្តទៀត រហូតដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្តឡើងវិញម្ដងទៀត បានបង្ហាញលទ្ធផលសង្ស័យវិជ្ជមានវីរ៉ុសកូវីដ១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនមកដល់នៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី២៥កញ្ញា ធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ ឯលទ្ធផលអាចនឹងទទួលបាននៅល្ងាចថ្ងៃទី២៦ កញ្ញានេះ។
ទន្ទឹមនឹងការបញ្ជូនវត្ថុសំណាក និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបាន ដោយបុរសរូបនេះ បានគេចចេញពីកន្លែងស្នាក់នៅខាងលើរបស់គាត់។
បើតាមក្រសួងសុខាភិបាលប្រសិនបើលទ្ធផលវិភាគវត្ថុសំណាករបស់បុរសរូបនេះពិតជាវិជ្ជមានវីរុសកូវីដ១៩មែននោះ ស្ថានភាពគេចវេសរបស់គាត់បែបនេះ អាចនឹងមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរច្រើន និងជួបមនុស្សច្រើន៕