គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅចូលរួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៩ នៅសិង្ហបុរី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២​ |
    សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅចូលរួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៩ នៅសិង្ហបុរី សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅចូលរួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៩ នៅសិង្ហបុរី

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ​កម្ពុ​ជា​នៅ​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​កងយោធ​ពល​ខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ដែល​នឹងចាប់ផ្តើមនៅថ្ងៃទី១០ដល់១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ហើយ​ក្រៅ​ពី​ចូល​រួម​កិច្ច​ប្រជុំ​នេះ សម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និង​សិង្ហបូរី ។

    កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២នេះ កិច្ចប្រជុំនឹងលើកយកវិធានបទ​ជាច្រើនមក​ពិភាក្សា​ដោយ​ក្នុងនោះ​និយាយអំពីជំហានបន្ទាប់ នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ការគ្រប់គ្រង​ការ​ប្រកួត​ប្រជែងភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ពហុប៉ូល​ ការបង្កើត​ទម្រង់ថ្មី​ នៃ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខទំនើបកម្មយោធា និងសមត្ថភាពការពារ​ជាតិ​ថ្មី​ៗ​ ចក្ខុវិស័យ​របស់​ប្រទេស​ចិន​ទៅលើសណ្តាប់ធ្នាប់តំបន់ បញ្ហាប្រឈមតាមអ៊ីនធឺណិត និងការវិវត្ត នៃ​បច្ចេកវិទ្យា​ការពារ​ជាតិ និងគំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់ជាដើម។

    កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសចំនួន ៤ផង​ដែរ ដែលរួមមាន៖ (១) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង (២)តួនាទីអាវុធ​នុយក្លេអ៊ែរ​ក្នុងសន្តិសុខតំបន់, (៣) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (៤) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈាន​ទៅ​ទំនាក់ទំនងនៅពេលមានវិបត្តិ។ ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹង​អញ្ជើញ​ថ្លែង​សេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី «ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ» ដោយ​ផ្តោត​លើ​ទស្សនៈ​លើ​​បញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និង​មុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។

    ក្នុងនាម​ជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM) និងកិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ២០២២​នេះ សម្តេចពិជ័យសេនា ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​លើក​កម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូល​បទ​កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខ​ប្រកប​ដោយ​ភាព​សុខដុម»៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង