សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យស្ថានភាពទឹក និងប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅខណ្ឌដង្កោ
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញវត្តមានចុះពិនិត្យស្ថានភាពទឹក និងប្រជាពលរដ្ឋនៅតំបន់ដែលរងនូវការវាយប្រហារដោយទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។
អញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ នាឱកាសនោះ រួមមាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោក ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ដែលប្រចាំការជាប់នៅតំបន់ជួយសង្គ្រោះ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា បានដាក់បទបញ្ជា និងក្រើនរំលឹកដល់កងកម្លាំងជួយសង្គ្រោះទាំងអស់ពិសេសកងយោធពលខេមរភូមិន្ទ ត្រូវតែខិតខំធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់បំផុត ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥,០០០គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅកន្លែងជួយសង្គ្រោះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តន៍ទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះរួមមាននៅ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ៕