បក្សនយោបាយចំនួន ៥ ដាក់ភ្នាក់ងារខ្លួន សង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គិតត្រឹមម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានគណបក្សនយោបាយចំនួន៥ហើយ ដែលបានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។
គណបក្សចំនួន៥នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ឯភ្នាក់ងារគណបក្សនយោបាយទាំង ពេញសិទ្ធិ និងបម្រុង មានចំនួន ៥០២៧នាក់។
គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ សូមចូលរួមដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះកុំបីខាន។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ ក្រុមប្រឹក្សាឃុំ សង្កាត់ គ្រប់ភាគីពាក់ព័ន្ធ និងមន្ត្រីបោះឆ្នោតទាំងអស់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីឲ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សូមបញ្ជាក់ថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺចាប់ផ្ដើមធ្វើពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕