ឯកឧត្តម ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន អញ្ជើញចូលរួមពិធី រាត្រីស្រមោសរ ដើម្បីប្រមូលថវិការសម្រាប់ ជួយដល់ ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ី ប្រចាំកម្ពុជា(MBCC) និងអាជ្ញាធរមីនកម្ពុជា(CMAA) នៅណាហ្គាវើល រាជធានី ភ្នំពេញ។
ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ ឯកឧត្តម បណ្ឌិត បានមាន ប្រសាសន៍ថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេសដែលជោគជាំដោយស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយ ក្នុង ចំណោមប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ហើយ ជោគជ័យនេះសម្រេច ទៅបានដោយកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រោមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ព្រមជាមួយនឹងការចូលរួម យ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស។ មកទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពពេញលេញ មិនមានការស្លាប់ បាត់បង់ជីវិតដោយសារសង្គ្រាម តែកាកសំណល់សង្គ្រាម និង គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខតាម យាយី ឆក់យកអាយុជីវិត អវយវៈ និងឱកាសរបស់ប្រជាពលរដ្ឋពីការ ចូលរួម ពេញលេញក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិតបានបន្តថា ដោយស្មារតីរួបរួមសាមគ្គីគ្នា យើងនឹងបន្ត ប្រែក្លាយ ផ្ទៃដីដែល មានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋ តាមរយៈ ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការ ដឹកនាំ របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីអាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីនក្នុង ឆ្នាំ២០២៥។ យើង បេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការ រំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ។ ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ី នៅកម្ពុជា ចំពោះទឹកចិត្ត សប្បុរសធម៌ មនុស្សធម៌ក្នុងការចូលរួមគាំទ្រដល់សកម្មភាពសម្អាតមីននៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ចាប់តាំពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានរំដោះដីដែលមានមីនទំហំ ២.៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញ និងបំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១.១៤០.៧៩៤ គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦.០៤៣ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន ៣.០០៣.៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៏ដល់ពលរដ្ឋចំនួន ៧.៣៦៣.៣៤៤ នាក់ សើ្មនឹង ៣.៣៦៤.៣៨៧ គ្រួសារ៕