កម្ពុជាទទួលបានជំនួយសម្ភារៈវេជ្ជសាស្ត្របន្ថែមទៀតពីក្រសួងការពារប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្ដម វ៉ាងវិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល សម្ភារៈវេជ្ជសាស្ត្រពីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
សម្ដេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលបានផ្ដល់សម្ភារៈវេជ្ជសាស្ត្រ ជូនកងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដូចពាក្យស្លោកពោលថា មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន និងជាមិត្តដែកថែបដ៏ពិតប្រាកដ តែងតែជួយគាំទ្រដល់ប្រជាជន កងទ័ពកម្ពុជា គ្រប់គ្រាលំបាកទាន់ពេលវេលា និងគ្មានលក្ខខណ្ឌ ក្នុងស្មារតីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅកាន់តែរឹងមាំលើគ្រប់វិស័យ។
នៅក្នុងពិធីនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត វ៉ាង វិនធៀន បានបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ជាបងប្អូនគឺជាមិត្តដែកថែប ស្គាល់ចិត្តគ្នា ជួយគ្នាទៅវិញទៅមក មានចំណងមិត្តភាពប្រៀបដូចដៃ និងជើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោនេះ រដ្ឋាភិបាលក្រោមការដឹកនាំដោយផ្ទាល់ និងជំរុញយ៉ាងពេញទំហឹងពីឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជីងពីង និងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យកងទ័ពប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ បោះជំហានមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា ក្រោយពីមានការកើតឡើងនូវជំងឺកូវីដ១៩ ប្រជាជន កងទ័ពប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក និងបានផ្ដល់អំណោយជាថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមបង្កើតបានជាគម្រូនៃកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចកសាងសហគមន៍ វាសនារួមរវាងចិន និងកម្ពុជា។
សម្ដេចពិជ័យសេនា និងឯកអគ្គរដ្ឋទូតចិន បានប្ដេជ្ញាចិត្តរួមគ្នាខិតខំជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនឲ្យកាន់តែស៊ីជម្រៅ រួមចំណែកផ្ដល់អត្ថប្រយោជន៍ជូនប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
គួររំលឹកថា ប្រទេសចិនបានជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩មកដល់កម្ពុជា ហើយប្រទេសចិនក៏បានក្លាយជាប្រទេស ដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ៨,៣០០,០០០ដូស៕