អាស៊ាននឹងមិនអញ្ជើញមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាចុងឆ្នាំនេះទេ លុះត្រាតែមានការវិវឌ្ឍជាវិជ្ជមានគ្រប់គ្រាន់
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ បានសម្រេចថានឹងមិនអញ្ជើញមីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២២ នៅកម្ពុជាទេ លុះត្រាតែមានការវិវឌ្ឍជាវិជ្ជមានគ្រប់គ្រាន់ លើកិច្ចព្រមព្រៀងទាំង ៥ចំណុច។
ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហររបស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ ទៅទីក្រុងចាកាតា បានចុះកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុចអាទិភាព ទី១. ការបញ្ឈប់អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយផលដល់ដំណើរការនយោបាយអាចចាប់ផ្ដើមបាន។