គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើង​ ៣ចំណុច ឆ្លើយតប​នឹងសេចក្តីថ្លែងការណ៍លោកស្រី រ៉ូណា ស្មីត  អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើង​ ៣ចំណុច ឆ្លើយតប​នឹងសេចក្តីថ្លែងការណ៍លោកស្រី រ៉ូណា ស្មីត  អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើង​ ៣ចំណុច ឆ្លើយតប​នឹងសេចក្តីថ្លែងការណ៍លោកស្រី រ៉ូណា ស្មីត  អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

    ភ្នំពេញ​៖ នៅថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ឯកឧត្ដម​ ជិន ម៉ាលីន រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើក​ឡើង ៣​ចំណុច ឆ្លើយ​តប​ទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​(អ.ស.ប) លោកស្រី រ៉ូណា ស្មីត (Rhona Smith)  អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើយោងតាម​ហ្វេសប៊ុកផ្លូវ​ការ​របស់អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌។

    ជាការឆ្លើយ​តបទៅ​នឹង​សេចក្ដីថ្លែង​ការ​ណ៍របស់លោកស្រី រ៉ូណា ស្មីត ​អ្នក​រាយការណ៍​ពិសេស អ.ស.ប ឯកឧត្ដម​​ ជិន​ ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាន​លើកឡើង​ ៣ចំណុច​ដូចខាងក្រោម​៖

    ១. មូលដ្ឋាននៃការអនុវត្តច្បាប់៖ វាជាការចោទប្រកាន់ជ្រាំដែលនិងដដែលៗដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ច ថាគ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសម្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំនិងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្មនិងភស្តុតាងនានាជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។ តែផ្ទុយទៅវិញ មានតែក្រុមជនជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភស្តុតាងនិងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ចនិងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោបាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ

    ២. បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើន៖ វាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ សំណុំរឿងមួយចំនួនអាចមានអ្នកជាប់ពាក់ព័ន្ធច្រើនកាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។ ម្យ៉ាងវិញទៀត ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្ថយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿដំណើរការនីតិវិធីរបស់តុលាការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ

    ៣. សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់៖ សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់ជនជាប់ចោទ តាមរយៈការផ្តល់មេធាវីការពារក្តីនៅសវនាការតាមការចាត់តាំងឬការជ្រើសរើសរបស់សមីខ្លួន ទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។ ដូច្នេះ ពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ជាជាងបដិសេធនិងគេចខ្លួន ហើយធ្វើការជួបជុំតវ៉ា ចោទប្រកាន់សមត្ថកិច្ចនិងតុលាការដោយគ្មានមូលដ្ឋាន ដែលទាំងនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ។

    សូមបញ្ជាក់ថា ការឆ្លើយតប​នេះ​ធ្វើ​ឡើង​ក្រោយ​ពីលោក​​ស្រី រ៉ូណា ស្មីត បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស នៅ​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា ដោយបង្ហាញការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ចំពោះ​ការ​កោះ​ហៅ​មនុស្ស​យ៉ាង​តិច​ ១១៣​នាក់​ ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​នេះ ដោយ​ចាត់​ទុក​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា​«ហាក់​ដូច​ជា​មាន​ហេតុផល​នយោបាយ»។

    ការ​ថ្លែង​របស់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មនុស្សយ៉ាង​ហោច​ណាស់​ ១៤០​នាក់​ ដែល​ភាគច្រើន​លើសលប់​នៃ​ពួកគេ ​គឺជា​អតីត​សកម្មជន​ មន្ត្រី​ និង​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​ជាមួយ​ទណ្ឌិតសម រង្ស៊ី ត្រូវ​បាន​តុលាការកោះ​ហៅ​ក្នុង​នាម​ជា​ជន​ជាប់ចោទ ​ដើម្បី​ចូលរួម​ក្នុង​សវនាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រួមគំនិត​ក្បត់» និង «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម» ដែល​អាច​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាការ​រហូត​ដល់ ​១០​ឆ្នាំ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង