អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកយុទ្ធនាការរបស់ស្ថានទូតអាមេរិកពេលនេះថា ជា”យុទ្ធនាការល្អ តែខុសកាលៈទេសៈ”
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានចាត់ទុកយុទ្ធនាការ បញ្ចេញសំឡេងលើផ្នែកលទ្ធិប្រជាធិបតេយ្យ របស់ស្ថានទូតអាមេរិកនៅពេលនេះ ថា ជា ”យុទ្ធនាការល្អ តែខុសកាលៈទេសៈ”។
នៅក្នុងហ្វេសប៊ុកឯកឧត្ដម ជិន ម៉ាលិន បានសរសេរថា «“យុទ្ធនាការល្អ តែខុសកាលៈទេសៈ” ជាទស្សនៈផ្ទាល់ខ្លួន ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពី COVID-19 នាពេលនេះ ស្ថានទូតអាមេរិករួមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិផ្សេងទៀត គួរតែរួមគ្នាចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 នេះ ចូលដល់សហគមន៍ ដើម្បីទទួលបានការគាំទ្រ និងស្វាគមន៍ពីប្រជាជាតិខ្មែរទូទាំងប្រទេស។
វិធានការទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 ចូលដល់សហគមន៍នាពេលនេះ គឺដើម្បីការពារ និងសង្រ្គោះអាយុជីវិតរបស់ពលរដ្ឋ ដែលជាការធានាបាននូវសិទ្ធិជាមូលដ្ឋានមួយរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត ដែលសិទ្ធិនេះមានអាទិភាជាងសិទ្ធិណាៗទាំងអស់ ហើយប្រសិនបើសិទ្ធិនេះមិនត្រូវបានធានា និងការពារនោះទេ សិទ្ធិផ្សេងៗទៀតក៏នឹងពុំមានអត្ថិភាព និងតម្លៃអ្វីដែរ»៕