កម្ពុជាកំពុងសិក្សារៀបចំដាក់ឲ្យដំណើរការតុលាការជំនាញចំនួន២ នៅឆ្នាំ២០២១នេះ
ភ្នំពេញ៖ កម្ពុជាកំពុងតែសិក្សារៀបចំ ដើម្បីដាក់ឲ្យដំណើរការតុលាការជំនាញចំនួន២ គឺតុលាការពាណិជ្ជកម្ម និង តុ លាការការងារ ក្នុងឆ្នាំ២០២១នេះ ដើម្បីធានានូវគុណភាពសេវាយុត្ដិធម៌ និងដើម្បីបង្កើនជំនឿទុកចិត្ដពី អ្នកវិនិយោគ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។
ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា តុលាការពាណិជ្ជកម្ម និងតុលាការការងារ ដែលគ្រោងនឹងដាក់ឲ្យដំណើការនាចុងឆ្នាំ២០២១នេះគឺជាតុលាកាដែលមានជំនាញ ក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធនិងវិវាទផ្នែកពាណិជ្ជកម្ម និងវិវាទការងារ។ហើយនៅពេលដែលតុលាការទាំងពីរនេះចាប់ផ្តើមអនុវត្តការងាររបស់ខ្លួន នោះតុលាការព្រហ្មទណ្ឌ និងតុលាការរដ្ឋប្បវេណី និងត្រូវបញ្ចប់តួរនាទីរបស់ខ្លួនក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធ ទៅនិងផ្នែកពាណិជ្ជកម្ម និងការងារផងដែរ។
ឯកឧត្ដម រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា «គោលបំណង នៃការបង្កើតតុលាការជំនាញទាំង២នេះ ដើម្បីធានានូវគុណភាព សេវាយុត្ដិធម៌ ក្នុងដំណើរការសំណុំរឿង ដោះស្រាយសំណុំរឿង ហើយក៏ចូលរួមក្នុងការពន្លឿន ដំណើរការនីតិវិធី និងកាត់បន្ថយភាពកកស្ទះ សំណុំរឿងផងដែរ។លើសពីនោះទៀត ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួម កាត់បន្ថយ ការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធី បានលឿនជាងមុន»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា តុលាការជំនាញទាំង២នេះ មិនមែនជាតុលាការជំនាញដាច់ដោយឡែក ពីតុលាការធម្មតានោះទេ វានៅក្នុងតុលាការធម្មតាដដែល គ្រាន់តែបែងចែកជាជំនាញប៉ុណ្ណោះ។ប៉ុន្តែបើទោះបីជាកន្លងមក កម្ពុជានៅមិនទាន់មានតុលាការជំនាញ ខាងពាណិជ្ជកម្ម និងការងារ ក៏មិនមែន តែមិនមែនមានន័យថា សំណុំរឿងការងារ និងពាណិជ្ជកម្ម មិនត្រូវបានដោះស្រាយនោះទេ ពោលគឺសំណុំរឿងទាំងនេះ ត្រូវបានដោះស្រាយដោយរដ្ឋប្បវេណី។
ជាការកត់សំគាល់ ថ្មីៗនេះ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានចេញសេចក្ដីសម្រេច ដាច់ដោយឡែកចំនួន២ ក្នុងការបង្កើតគណៈកម្មការ រៀបចំដំណើរការ តុលាការពាណិជ្ជកម្ម និងតុលាការការងារ ក្នុងគោលបំណង ដើម្បីសិក្សារៀបចំដាក់ឲ្យដំណើរការ តុលាការជំនាញទាំង២ផងដែរ៕ ប្រភព៖ វិទ្យុបាយ័ន