លោកជំទាវ ឱ វណ្ណឌីន ៖ WHO ពុំទាន់ទទួលស្គាល់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាមួយនៅឡើយទេ គិតត្រឹមថ្ងៃទី០៩ធ្នូនេះ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍នៅ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះថា “អង្គការសុខភាពពិភពលោក (WHO) នៅមិនទាន់មានការបញ្ជាក់ទទួលស្គាល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ណាមួយនោះទេ ប៉ុន្តែរឿងចរាចរ ឬក៏ទិញលក់វ៉ាក់សាំងនោះ គឺអាស្រ័យទៅលើច្បាប់ប្រទេសនីមួយៗ”។
លោកជំទាវ ក៏បានបន្ថែមផងដែរថា អង្គការសុខភាពពិភពលោក បានណែនាំដល់ប្រទេសដែលទិញវ៉ាក់សាំងនោះ ត្រូវតែមានការគិតគូរពី គុណភាព និងប្រសិទ្ធិភាព របស់វ៉ាក់សាំង ឱ្យបានម៉ត់ចត់សិន មុននឹងសម្រេចចិត្តប្រើប្រាស់។
គួររម្លឹកផងដែរថា មានប្រទេស និងក្រុមហ៊ុនមួយចំនួន បានសម្រេចផលិត និងធ្វើតេស្តដោយជោគជ័យ នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះក៏មានប្រទេសខ្លះបានចាក់សាកល្បងទៅប្រជាជនខ្លួនខ្លះៗរួចហើយ ប្រទេសខ្លះក៏បានកុម្មង់ទិញរួចហើយដែរ ដោយឡែកសម្រាប់កម្ពុជាវិញ នៅពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសផងដែរថា នឹងទិញវ៉ាក់សាំងចំនួន ១លានដូស ជាជំហានដំបូង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយពុំគិតប្រាក់ ដោយក្នុងនោះសម្តេចក៏ស្នើជាយោបល់ថា ក្រុមគ្រូពេទ្យគឺជាជម្រើសអាទិភាពទី១។
ពាក់ព័ន្ធនឹងក្តីសង្ឃឹមនៃវ៉ាក់សាំងនេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវជាថ្មី និងដោយទទូច គឺសូមប្រជាពលរដ្ឋកម្ពុជាកុំភ្លេចខ្លួន ឬធ្វេសប្រហែសឱ្យសោះ ហើយត្រូវបន្តអនុវត្តវិធានសុខាភិបាលជាប់ជានិច្ច ដោយការធ្វើអនាម័យដៃ និងខ្លួនប្រាណឱ្យបានស្អាត កាត់បន្ថយការជួបជុំ រក្សាគម្លាត និងពាក់ម៉ាសក្នុងពេលចាំបាច់៕